អំពី អគ្គាធិការដ្ឋាន


អគ្គាធិការដ្ឋាន បំពេញមុខងារសេនាធិការឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើបេសកកម្មធ្វើអធិការកិច្ចលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអភិក្រម អធិការកិច្ចផ្អែកលើហានិភ័យ និងអធិការកិច្ចផ្អែកលើករណីសង្ស័យឬបណ្តឹងតវ៉ាជាក់ស្តែង។

អគ្គាធិការដ្ឋានមានភារកិច្ចដូចតទៅ៖

–       ចុះធ្វើអធិការកិច្ចទូទៅលើកិច្ចដំណើរការរដ្ឋបាលថ្នាក់ជាតិ គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងកិច្ចដំណើរការរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្នុងវិន័យ និងការអនុវត្តនីតិវិធីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ចំណូល-ចំណាយថវិកាជាតិ និងការទទួលខុសត្រូវការគ្រប់គ្រងការប្រើប្រាស់ប្រាក់កាសសាធារណៈ

–       ចុះធ្វើអធិការកិច្ចរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ របស់អង្គភាពសាធារណៈ គ្រប់អាជ្ញាធរ សហគ្រាសនានា សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រុមហ៊ុនសម្បទានដែលទទួលផលប្រយោជន៏ពីហិរញ្ញវត្ថុសាធារណៈ ទោះបីជាតាមរូបភាពណាក៏ដោយ

–       ធ្វើអធិការកិច្ចលើរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុ របស់សហគមន៏ សមាគម អង្គការក្រៅរដ្ឋាភិបាល អង្គការនានា គ្រឹះស្ថានឥណទាន ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន ដែលទទួលផលប្រយោជន៏ហិរញ្ញវត្ថុសាធារណៈ ទោះបីជាតាមរូបភាពណាក៏ដោយ

–       ធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកកាសម្រាប់បើកផ្តល់មុន និងក្រោយចំណាយលើគ្រប់ក្រសួងស្ថាប័ន សហគ្រាសសាធារណៈ អង្គភាពសាធារណៈ អង្គការ សមាគម សហគមន៏ និងក្រុមហ៊ុនខាងលើ តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន

–       ចុះផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញតិនានា លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់មន្រ្តី ដែលកំពុងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលខុសត្រូវតាមវិធានការវិន័យរដ្ឋបាល និងតុលាការ

–       ជំរុញពង្រឹងកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ ចំណូលផ្សេងៗ ដោយតំរូវឱ្យមានការបំពេញកាតព្វកិច្ចបង់ចំណូលចូលថវិកាជាតិ ឱ្យបានគ្រប់ចំនួននិងទាន់ពេលវេលា

–       ធ្វើអធិការកិច្ចត្រួតពិនិត្យឯកសារពាក់ព័ន្ធ លើករណីយដែលមានការកិបកេង ការក្លែងបន្លំឯកសារនានាពាក់ព័ន្ធហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ប្រភពធនធានរដ្ឋ និងធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ

–       ធ្វើអធិការកិច្ចត្រួតពិនិត្យការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិនិងប្រភពមូលនិធិដែលមានការចូលរួមសង្គម សាធារណជននានា ស្ថិតក្រោមប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ

–       ចុះត្រួតពិនិត្យពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ សង្គមស៊ីវិល ដែលទាក់ទងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ

–       ធ្វើរបាយការណ៏ស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អគ្គាធិការដ្ឋាន មាននាយកដ្ឋានក្រោយឱវាទចំនួន ៣ ដូចខាងក្រោម៖

–       នាយកដ្ឋានរដ្ឋបាល ផែនការ និងសិក្សាស្រាវជ្រាវពាក្យបណ្តឹង

–       នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុថ្នាក់ជាតិ

–       នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ។