ខេត្តព្រះសីហនុ៖ សិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យ ស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ ៖ នាថ្ងៃព្រហស្បតិ៍ ១១ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ អគ្គាធិការដ្ឋាននៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ព្រមទាំងអនុក្រឹត្យ ស្ដីពីវិធាន និងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្ដម ឆាយ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់អង្គភាពថវិកាចំនួន ៦ខេត្ត មានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

សូមជម្រាបជូនដែរថា អនុក្រឹត្យ ស្ដីពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់សវនកម្មផ្ទៃក្នុង និងអធិការកិច្ច នេះ កំណត់អំពីក្របខ័ណ្ឌមុខងារ ភារកិច្ចរបស់ សវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដើម្បីជៀសវាងការអនុវត្តស្ទួនគ្នា ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដោយកំណត់ មុខងារភារកិច្ចរបស់៖ សវនកម្មផ្ទៃក្នុងរបស់បណ្តាក្រសួង ស្ថាប័ន និងសហគ្រាសសាធារណៈ, អធិការកិច្ចរបស់ក្រសួង ស្ថាប័ន, អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អធិការកិច្ចមុខងារសាធារណៈ របស់ក្រសួងមុខងារសាធារណៈ, អធិការកិច្ចរបស់ក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះមុខងារសវនកម្មផ្ទៃក្នុង និងអធិការកិច្ចរបស់ក្រសួង ស្ថាប័ន អធិការកិច្ចហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អធិការកិច្ចមុខងារ សាធារណៈរបស់ក្រសួងមុខងារសាធារណៈ និងអធិការកិច្ចរបស់ក្រសួង ទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ដោយឡែកអនុក្រឹត្យ ស្ដីពីវិធាន និង នីតិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នេះ កំណត់វិធាន និង នីតិវិធី នៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីចូលរួមធានាការ គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ប្រកបដោយនីត្យានុកូលភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព បូរណភាព តម្លាភាព និងគណនេយ្យភាព ដោយអនុលោម តាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ។

Be the first to comment

Leave a Reply

Your email address will not be published.


*