អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើបេសកកម្មធ្វើអធិការកិច្ចលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយប្រើអភិក្រមអធិការកិច្ចលើអនុលោមភាព សមិទ្ធកម្ម និងលើករណីសង្ស័យ ឬបណ្តឹងតវ៉ា បរិហារជាក់ស្តែង។
អគ្គាធិការដ្ឋានមានភារកិច្ចដូចតទៅ៖
- កសាងផែនការសកម្មភាព និងកម្មវិធីប្រតិបត្តិការអធិការកិច្ចហិរញ្ញវត្ថុ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើអនុលោមភាព និងសមិទ្ធកម្មនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅគ្រប់អាជ្ញាធរសាធារណៈ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុរាល់កិច្ចប្រតិបត្តិការហិរញ្ញវត្ថុរបស់នីតិបុគ្គលឯកជន មានជាអាទិ៍ ក្រុមហ៊ុនឯកជន សម្បទានិក គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលផលប្រយោជន៍ពីហិរញ្ញវត្ថុសាធារណៈ ទោះតាមរូបភាពណាក៏ដោយ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងមូលនិធិសាធារណៈ ប្រភពទុន ប្រភពធនធានជាតិ និងប្រភពមូលនិធិដែលមានការចូលរួមពីសង្គម សាធារណជននានា ដែលស្ថិតក្រោមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុក្នុងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ ថវិកាសម្រាប់បើកផ្ដល់មុន និងក្រោយចំណាយនៅគ្រប់អាជ្ញាធរសាធារណៈ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត តាមបទដ្ឋាន និងបទប្បញ្ញត្តិច្បាប់ជាធរមាន
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុ និងជំរុញការពង្រឹងការកៀរគរចំណូលសារពើពន្ធ ចំណូលមិនមែនសារពើពន្ធ និងចំណូលផ្សេងៗ និងការតឹងទារបំណុល នៅគ្រប់អាជ្ញាធរសាធារណៈ រដ្ឋបាលថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន ដែលមានជាអាទិ៍ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើកិច្ចសន្យាពាក់ព័ន្ធនឹងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ
- ធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ គម្រោងឥណទាននានា និងកិច្ចប្រតិបត្តិការចំណូលចំណាយថវិកាកម្មវិធី ថវិកាបដិភាគរាជរដ្ឋាភិបាល និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍
- អនុវត្ត និងត្រួតពិនិត្យលើការងារអធិការកិច្ចហិរញ្ញវត្ថុតាមផែនការ ហានិភ័យ ករណីសង្ស័យ និងបណ្ដឹងបរិហារ ឬបណ្ដឹងតវ៉ាជាក់ស្ដែង នៅក្នុងក្របខណ្ឌនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ទទួល ពិនិត្យ ស្រាវជ្រាវ និងធ្វើអធិការកិច្ចហិរញ្ញវត្ថុលើពាក្យបណ្ដឹងតវ៉ា បណ្ដឹងបរិហារពីភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋ សង្គមស៊ីវិល និងគ្រប់មជ្ឈដ្ឋានដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ច ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ស្វែងរក និងទប់ស្កាត់នូវការបាត់បង់ ខូចខាត និងកិបកេងក្លែងបន្លំលើហិរញ្ញវត្ថុសាធារណៈ និងទ្រព្យសម្បត្តិរដ្ឋ
- ស៊ើបអង្កេត និងកំណត់នូវការប្រព្រឹត្តកំហុសឆ្គង និងភាពមិនប្រក្រតីនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈដល់មន្រ្តីពាក់ព័ន្ធ
- លើកសំណើចាត់វិធានការផ្សេងៗដល់អង្គភាព ឬ/និង មន្រ្តីពាក់ព័ន្ធដែលប្រព្រឹត្តកំហុសឆ្គងលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- រៀបចំសំណុំរឿងរដ្ឋប្បវេណី ឬព្រហ្មទណ្ឌចំពោះអ្នកប្រព្រឹត្តកំហុសឆ្គងដែលបណ្ដាលឱ្យប៉ះពាល់ដល់ហិរញ្ញវត្ថុសាធារណៈ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ
- ធ្វើរបាយការណ៍ស្ដីពីលទ្ធផលនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុជូនរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជូនប្រមុខរាជរដ្ឋាភិបាល
- បំពេញភារកិច្ចផ្សេងទៀត តាមការប្រគល់ភារកិច្ចពីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។